រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ភ្នំពេញ ៖ ដំណឹងល្អ ! ក្រសួងសុខាភិបាល៖ លទ្ធផលធ្វើតេស្ដលើកទី៣ លើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា សរុប១៣២៤នាក់បង្ហាញថា «អវិជ្ជមានទាំងអស់»

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា លទ្ធផលធ្វើតេស្ដលើកទី៣ លើអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា សរុប១៣២៤នាក់ បង្ហាញថា «អវិជ្ជមានទាំងអស់»។ លទ្ធផលនេះចេញដោយវិទ្យាស្ថានប៉ាស្ទ័រ។

សូមជំរាបថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីបញ្ជាក់ច្បាស់ពាក់ព័ន្ធនឹងមេរោគកូវីដ១៩។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់ដែលពាក់ព័ន្ធករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា មានតែ ៤នាក់ប៉ុណ្ណោះ ដែលរកឃើញមានឆ្លងមេរោគកូវីដ១៩ ក្នុងនោះមានលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕






ក្នុង​​សតវត្ស​ទី២១ គ្មាន​នរណា​ស៊ុត​បាល់​ប៉េណាល់ទី​អត់​ចូល​ច្រើន​ជាង​កីឡាករ​ ២រូប​នេះ​ទេ

 បើ​និយាយ​ពី​រឿង​ស៊ុត​បាល់​ប៉េណាល់​ទី​ច្រើន​ជាង​គេ​វិញ​ គ្រប់​គ្នា​ក៏​ដឹង​ច្បាស់​ដូច​ថ្ងៃ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ Cristiano Ronaldo ជា​អ្នក​ស៊ុត​បាល់​ពិន័យ​បែប​នេះ​ច្រើន​ជាង​គេ រហូត​ដល់​មាន​អ្នក​ខ្លះ​ប្រសិទ្ធនាម​ថា “ប៉េណាល់ដូ” ទៀត​ផង​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។














យ៉ាងណាមិញ ប្រិយមិត្ត​អាច​នឹង​ភ្ញាក់ផ្អើល​ពេល​ដឹង​ពី​កីឡាករ​ ដែល​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​អត់​ចូល​ច្រើន​ជាង​គេ​នៅ​សតវត្ស​ទី២១។ កីឡាករ​ទាំង​ ២នោះ​គឺ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi និង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo។

កីឡាករ​ទាំង​ពីរ​រូប​នេះ​ស៊ុត​អត់​ចូល ២៧ដង ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​ក្នុង​សតវត្ស​ទី២១​នេះ។ យ៉ាងក៏ដោយ Ronaldo ស៊ុត​អត់​ចូល ២៧ដង ក្នុង​ចំណោម​បាល់​ប៉េ ១៦២ដង ខណៈ​ Messi វិញ ស៊ុត​បាល់​ប៉េ​បាន ១២៦ដង។














តាម​ពី​ក្រោយ Messi គឺ វីរបុរស​អ៊ីតាលី Francesco Totti ស៊ុត​អត់​ចូល ១៩ដង ចំណោម ៩៩ប៉េណាល់ទី ហើយ Zlatan Ibrahimovic វិញ ស៊ុត​អត់​ចូល ១៦ដង ចំណោម ៩២លើក៕



ទិន្នន័យ​ថ្មី ​​តម្លៃ​កីឡាករ​សរុប​របស់ West Brom ប្រៀបមិន​ស្មើ​ជាមួយ Maguire ម្នាក់​ផង

 តាម​រយៈ​​ការ​សិក្សា​ទិន្នន័យ​ថ្មី​មួយ​បង្ហាញ​ថា Liverpool គឺ​ក្លឹប​ដែល​មាន​ក្រុម​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​នៅ Premier League នា​ពេល​បច្ចុប្បន្ន​ ពោល​សរុប​បញ្ចូល​គ្នា​៩៧៩​លាន​ផោន។

តម្លៃ​នេះ​បាន​ធ្វើ​ឲ្យ​ហង្សក្រហម​​ឈរ​លើ​​គូ​ប្រជែង Manchester City ដែល​មាន​តម្លៃ​កីឡាករ​សរុប​៩៤៤​លាន​ផោន។ សម្រាប់​ក្រុម​​ដែល​ស្ថិត​នៅ​ក្រោម​គេ​គឺ​ West Brom មាន​តម្លៃ​កីឡាករ​ត្រឹម​តែ​៧៩​លាន​ផោន​ប៉ុណ្ណោះ បើប្រៀបធៀបតិច​ជាង Manchester United ចំណាយ​ទិញ​​លើ​​ខ្សែ​ការពារ Harry Maguire ៨០​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៩​ទៀត។

កត្តា​ដែល​ធ្វើ​ឲ្យ Liverpool ឈរ​លើ​គេ​ដោយ​សារ​តែ​​កីឡាករ​របស់​ពួក​គេ​មួយ​ចំនួន​កំពុង​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ដោះដូរ។ ដូច​ជា Sadio Mane, Mohamed Salah និង Trent Alexander-Arnold ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​តម្លៃ​រង្វង់​១០០​លាន​ផោន។

តំណែង​លេខ​៣​បាន​ទៅ​​ក្លឹប Chelsea មាន​តម្លៃ​កីឡាករ​សរុប​​៧៤៩​លាន​ផោន តិច​ជាង​ Liverpool ដល់​ទៅ​ជាង​២០០​លាន​ផោន​ឯណោះ។ Man Utd, Spurs និងArsenal ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤, ៥ និង​៦៕




ឧទ្ធម្ភាគចក្រដឹកជញ្ជូនបេះដូងសម្រាប់វះកាត់ ស្រាប់តែធ្លាក់នៅលើដំបូលមន្ទីរពេទ្យ ហើយបេះដូងវិញ ត្រូវគ្រូពេទ្យជំពប់ជើងដួល ធ្វើឲ្យធ្លាក់ពីដៃទៀត (មានវីដេអូ)

អាមេរិក៖ កាលពីថ្ងៃសុក្រ នាវេលាម៉ោង៣:១៥នាទីរសៀល (ម៉ោងក្នុងសហរដ្ឋអាមេរិក) មានហេតុការណ៍ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង បានមានបញ្ហានៅពេលបម្រុងចុះចតនៅលើដំបូលមន្ទីរពេទ្យ ដែលបណ្ដាលឲ្យផ្អៀងចំហៀងធ្លាក់តែម្ដង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងខាងលើនេះ បានដឹកជញ្ជូនបេះដូងពីមន្ទីរពេទ្យ Grossmont Hospital មកកាន់មន្ទីរពេទ្យ Keck Hospital ដើម្បីទុកសម្រាប់ធ្វើការវះកាត់ជូនទៅដល់អ្នកជំងឺ។ ហើយក្នុងដំណើរហោះហើរនេះ មានគ្រូពេទ្យចំនួនពីរនាក់ និងអ្នកបើកឧទ្ធម្ភាគចក្រម្នាក់ផងដែរ តែយ៉ាងណាមិញ ពួកគេទាំងបីមិនបានរងរបួសធ្ងន់ធ្ងរឡើយ។

តាម​រយៈវីដេអូឃ្លីបមួយ នៅនាទី០.៣៧ បង្ហាញឲ្យឃើញថា ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមយកកញ្ចប់មួយដែលមានបេះដូង ចេញពីក្នុងឧទ្ធម្ភាគចក្រយ៉ាងប្រុងប្រយ័ត្នបំផុត និងហុចទៅឲ្យគ្រូពេទ្យម្នាក់។ ក្រោយពីទទួលយកកញ្ចប់បេះដូងមិនបានប៉ុន្មានផង ស្រាប់តែគ្រូពេទ្យរូបនោះ ដើរជំពប់ជើងដួល និងបណ្ដាលឲ្យបេះដូងធ្លាក់ពីដៃភ្លាមៗ។

បើទោះជាយ៉ាងណាក្ដី កញ្ចប់បេះដូងមិនមានការខូចខាតអ្វីឡើយ និងត្រូវបានក្រុមគ្រូពេទ្យ យកទៅធ្វើការវះកាត់ឲ្យអ្នកជំងឺយ៉ាងទាន់ពេល។ ហើយជុំវិញការធ្លាក់ឧទ្ធម្ភាគចក្រ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ តែការស៊ើបអង្កេតកំពុងបើកដំណើរការផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖







ភ្នំពេញ ៖ ក្រសួងការងារ ផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ

 (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មានទើបទទួលបាន។

ការផ្អាកនេះត្រូវបានក្រសួងការងារអះអាងថា ជាវិធានការ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការរីករាលដាលក្នុងសហគមន៍។

សេចក្តីជូនដំណឹងបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រីជា នាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត សិក្ខាកាម និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ទាំងអស់នៅ រាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ត្រូវផ្អាកការបណ្ដុះបណ្ដាលជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបន្តដំណើរការ បង្រៀន និងរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬ អនឡាញ (ONLINE)»

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖




ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហោះសារនៅលើ Facebook ផ្លូវការរបស់សម្តេចចូលរួម អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

សម្តេចបន្តថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕






វ៉ាស៊ីនតោន ៖ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ធ្វើបាតុកម្មតវ៉ាប្រឆាំង «លទ្ធផលបោះឆ្នោត» ដែលពួកគេចោទថាត្រូវគេលួចបន្លំ

 (វ៉ាស៊ីនតោន)៖ មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាចូលរួមក្នុងក្បួនដង្ហែរអបអរសាទរជ័យជម្នះរបស់ លោក ចូ បៃដិន នៅទូទាំងសហរដ្ឋអាមេរិក ខណៈក្រុមអ្នកគាំទ្ររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាប្រមូលគ្នាធ្វើបាតុកម្មតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោត ដែលពួកគេចោទថាមានការលួចបន្លំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Washington Post នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania បានចោទប្រកាន់ត្រង់ៗថា គណបក្សប្រជាធិបតេយ្យ កំពុងព្យាយាមលួចសន្លឹក ឆ្នោត ហើយថាការបោះឆ្នោតនៅមិនទាន់បញ្ចប់ឡើយ ដោយលោក បៃដិន ប្រកាសពីជ័យជម្នះហាក់ដូចជាលឿនពេក។ ចំណែកឯ ក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ក្រុមអ្នកគាំទ្រលោក ត្រាំ ក៏បានជួបជុំគ្នាធ្វើការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតផងដែរ ជាមួយការស្រែកច្រៀងថា «ការបោះឆ្នោតមានការក្លែងបន្លំ បញ្ឈប់ការលួច សន្លឹកឆ្នោត»

គួរជម្រាបថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក នំាគ្នាប្រកាថាលោក ចូ បៃដិន គឺជាប្រធានាធិបតីជាប់ឆ្នោត ដោយទទួលបានអង្គបោះឆ្នោត២៩០ លោក ដូណាល់ ត្រាំ ដែលទទួលបានអង្គបោះឆ្នោតត្រឹមតែ២១៤ បានបដិសេធទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ជាមួយការសន្យាថាលោកនឹងបន្តតវ៉ាលទ្ធផលបោះឆ្នោតនេះ តាម ផ្លូវតុលាការជាបន្ត៕