តាមរយៈការសិក្សាទិន្នន័យថ្មីមួយបង្ហាញថា Liverpool គឺក្លឹបដែលមានក្រុមកីឡាករមានតម្លៃខ្លួនថ្លៃជាងគេនៅ Premier League នាពេលបច្ចុប្បន្ន ពោលសរុបបញ្ចូលគ្នា៩៧៩លានផោន។
តម្លៃនេះបានធ្វើឲ្យហង្សក្រហមឈរលើគូប្រជែង Manchester City ដែលមានតម្លៃកីឡាករសរុប៩៤៤លានផោន។ សម្រាប់ក្រុមដែលស្ថិតនៅក្រោមគេគឺ West Brom មានតម្លៃកីឡាករត្រឹមតែ៧៩លានផោនប៉ុណ្ណោះ បើប្រៀបធៀបតិចជាង Manchester United ចំណាយទិញលើខ្សែការពារ Harry Maguire ៨០លានផោនកាលពីឆ្នាំ២០១៩ទៀត។
កត្តាដែលធ្វើឲ្យ Liverpool ឈរលើគេដោយសារតែកីឡាកររបស់ពួកគេមួយចំនួនកំពុងមានតម្លៃខ្ពស់ក្នុងទីផ្សារដោះដូរ។ ដូចជា Sadio Mane, Mohamed Salah និង Trent Alexander-Arnold ម្នាក់ៗសុទ្ធតែមានតម្លៃរង្វង់១០០លានផោន។
តំណែងលេខ៣បានទៅក្លឹប Chelsea មានតម្លៃកីឡាករសរុប៧៤៩លានផោន តិចជាង Liverpool ដល់ទៅជាង២០០លានផោនឯណោះ។ Man Utd, Spurs និងArsenal ឈរនៅចំណាត់ថ្នាក់លេខ៤, ៥ និង៦៕