( រាជធានីភ្នំពេញ ) ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា។ សន្និសីទសារព័ត៌មាននេះ នឹងត្រូវធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។
សន្និសីទសារព័ត៌មាននេះ ក៏មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។
ជាពិសេសពីការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា ដែលជាវិធានការដែលក្រសួងបានដាក់ចេញ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមានលក្ខខណ្ឌ និងបានចែងកន្លងមក រួមទាំងថវិកាធានារ៉ាប់រង និងប្រាក់តម្កល់ តើប្រើប្រាស់នៅពេលណាខ្លះ និងទទួលបានវិញនៅពេលណា? នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងសារព័ត៍មាន នៅមុននេះបន្ដិច។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕
By : I News Cambodia