រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ត្រឹមថ្ងៃទី០៣ ខែកក្កដា ពលរដ្ឋជាង៤៥ម៉ឺនគ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពាវនាវកុំមានការថ្នាំងថ្នាក់ចំពោះការផ្តល់ប្រាក់សង្គ្រោះ សម្រាប់អ្នកក្រពិតប្រាកដ ពេលមានវិបត្តិកូវីដ១៩

(ព្រៃវែង)៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា និងជាប្រធានក្រុមការងារចុះជួយឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង លោក វង សូត ក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ និងឈាបនដ្ឋានវាលតូច ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែកក្កដានេះ បានថ្លែងថា រាជរដ្ឋាភិបាល កម្ពុជាបានសម្រេចផ្តល់នូវប្រាក់សង្គ្រោះសម្រាប់ ពលរដ្ឋក្រីក្រពិតប្រាកដ ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩នេះ ដែលមានចំនួនសរុប ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «គិតត្រឹមថ្ងៃម្សិលមិញ យើងបានផ្តល់ជូនបានចំនួនជាង៤៥ម៉ឺនគ្រួសាររួចហើយ ដែលពួកគាត់ទាំងនោះសុទ្ធតែជាអ្នកក្រីក្រខ្វះខាត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ផ្សេងទៀត ដែលមិនទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលសូមកុំមានការថ្នាំងថ្នាក់»

លោក វង សូត បានគូសបញ្ជាក់ថា ពេលបច្ចុប្បន្ននេះថ្វីត្បិតតែមានគ្រួសារមួយចំនួនធំមានជីវភាពប្រសើរ តែក៏នៅមានគ្រួសារមួយចំនួនតូចកំពុងស្ថិតក្នុងភាពក្រីក្រនៅឡើយ អញ្ចឹងហើយទើប រាជរដ្ឋាភិបាល បានសម្រេចផ្តល់នូវប្រាក់ឧត្ថម្ភប្រចាំខែបន្តិចបន្តួចដល់គ្រួសារក្រីក្រទាំងនោះ ដែលមានសរុបប្រមាណ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស ហើយគិតត្រឹមល្ងាចថ្ងៃម្សិលមិញមានជាង៤៥ ម៉ឺនគ្រួសារបានទទួលការឧបត្ថម្ភរួចហើយ។

លោកបន្តថា «ការឧបត្ថម្ភនេះនឹងបញ្ឈប់ទៅវិញនៅពេលដែល ជំងឺកូវីដ១៩ បានផុតរលត់បាត់ទៅ ដូច្នេះហើយសូមបងប្អូនផ្សេងទៀតដែលមិនទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលសូមកុំ មានការថ្នាំងថ្នាក់»

ទាក់ទងទៅនឹងសមិទ្ធផលដែលបានធ្វើពិធីបុណ្យឆ្លងនាពេលនេះដែលរួមមានសាលាបុណ្យ និងឈាបនដ្ឋាន រួមនឹងការរៀបចំទីធ្លានៅទីកន្លែងនេះដែលបានចំណាយថវិកាអស់ជាង៣ម៉ឺន ៣ពាន់ដុល្លារ លោក វង សូត បានគូសបញ្ជាក់ថា សមិទ្ធនេះគឺសម្រាប់ពលរដ្ឋនៅទីនេះប្រើប្រាស់រួម។ ដូច្នេះត្រូវមានការថែរក្សាជារួម។

យកឱកាសនេះផងដែរ លោករដ្ឋមន្រ្តីបានអំពាវនាវដល់ពលរដ្ឋទូទៅសូមកុំភ្លេចការការពារខ្លួនពីជំងឺកូវីដ១៩ ដែលវាកំពុងតែរាតត្បាតនៅជុំវិញពិភពលោកនៅឡើយ ហើយរួមទាំងកម្ពុជាយើងផងដែរ៕

















By : I News Cambodia