លោក តែ ស៊ុនណាង បានចេញមកជម្រះចំពោះព័ត៌មានចចាមអារ៉ាមដែលថា លីកា កូនស្រីរបស់លោកបាត់មុខ ដោយសារតែត្រូវមេក្រុមរបស់ OMG បណ្ដេញចេញពីក្រុម ដែលបញ្ហាកើតឡើងនេះ ធ្វើឲ្យលោកជាឪពុកម្នាក់នៅមិនសុខ។ លោក ថ្លែងថា "តាមពិតខ្ញុំមិនចង់លូកដៃ និងបកស្រាយអ្វីច្រើនដែរ តែវាប៉ះពាល់ដល់កិត្តិយសកូនស្រីខ្ញុំ ក្នុងនាមខ្ញុំជាឪពុកខ្ញុំនឹងបកស្រាយកុំអោយពួកគាត់មានការយល់ច្រឡំមកលើកូនស្រីខ្ញុំទៀត!”។អ្នកមានគុណរូបនេះ បានរៀបរាប់ មានបុគ្គលម្នាក់ ដែលលោកសុំមិនបញ្ចេញអត្តសញ្ញាណ បានដើរនិយាយថា កូនស្រីរបស់លោក លីកា ត្រូវមេក្រុមបណ្ដេញចេញពីក្រុម។ ប៉ុន្តែចំពោះរឿងនេះ លោក ស៊ុនណា បញ្ជាក់ថា បុគ្គលនោះមិនបានដឹងអ្វីខ្លះសោះពីកូនស្រីរបស់លោក ពោលគឺមិនដឹងថា កូនលោកបាត់ពីក្រុមដោយសារមូលហេតុអ្វីឡើយ បានជារូបគេនិយាយដូច្នេះ ព្រោះថា កូនស្រីរបស់លោកបាត់មុខ ដោយសារតែមានជំងឺប៉ុណ្ណោះ។"បើប្អូនៗមិនដឹងអំពីមូលហេតុអ្វីច្បាស់ពីកូនស្រីខ្ញុំសូមមេត្តាប្អូនៗ និងមិត្តៗទាំងអស់ ទុកអោយកូនស្រីខ្ញុំបានព្យាបាលជំងឺដោយស្ងប់ស្ងាត់ផង!”។ តែ ស៊ុនណាង ថ្លែង។
ស្រីស្អាត តែ ស៊ុនសូដាលីកា ត្រូវបានគេដឹងថា នាងបានធ្លាក់ខ្លួនដោយសារជំងឺ(សាមីខ្លួនមិនបញ្ជាក់)មួយកាលពីដើមខែឧសភា។ កាលណោះ នាងថា "ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់អ្នកទាំងអស់គ្នា ស្ថានភាពខ្ញុំឥលូវនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយអាការៈមិនអាចធ្វើចលនាច្រើនបានទេ"។ ដំណឹងនេះ បាន និងកំពុងធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការព្រួយបារម្ភ និងចូលមកផ្ញើសារជូនពរតារាស្រីគ្រប់គ្នា។









