វេលានោះ តាមត្រូវ គឺពិធីចូលរោងសូត្រមន្តតាមប្រពៃណី ប៉ុន្តែជាក់ស្ដែងអ្វីៗបានប្រព្រឹត្តទៅក្នុងសភាពស្ងប់ស្ងាត់បំផុត ក្នុងនោះបើតាមសិល្បករដែលតែតែងឈឺឆ្អាលលើសិល្បករដូចគ្នាដែលក្រខ្សត់ គឺលោកបាននៅក្នុងពិធីដែលមិនមានអ្នកណាផ្សេងក្រៅពីលោកតែម្ដង។ "ម៉ោង១១យប់ហើយខ្ញុំនៅក្នុងវត្តនៅឡើយ ក្នុងវត្តស្ងាត់ណាស់ គ្មានមនុស្សដើរសូម្បីតែម្នាក់..! មានអារម្មណ៍ថាព្រឺ តែខ្ញុំមិនខ្លាចទេ..អ៊ឹម ជីវ៉ា បញ្ជាក់ថា លោកមិនមានជាប់សាច់ញាតិអ្វីនឹងសពក្រៅតែពីមិត្តរួមអាជីពនោះទេ ប៉ុន្តែលោកបានខ្នះខ្នែងរៀបចំពិធីខាងលើទាំងស្រុង ព្រោះតែអាណិតសព ដែលមុនស្លាប់បានផ្ដាំលោក។ " អាណិតគាត់មុននឹងស្លាប់ គាត់ប្រាប់ថាជួយធ្វើបុណ្យ៧ថ្ងៃអោយគាត់ផង!"។ ដូច្នេះហើយ លោកក៏បានរៀបចំធ្វើតាមបណ្ដាំរបស់មិត្តរួមអាជីពដ៏កម្សត់ ដោយរៀបចំសង់រោងតាមទំនៀម ប៉ុន្តែភ្លាមៗមិនមានអ្នកណាមកចូលរួម ក្នុងនោះរួមទាំងសាច់ញាតិផងក៏មិនឃើញដែរ។រហូតមកដល់ ព្រឹកថ្ងៃទី ៩ នេះ ទើបពិធីទាំងមូលអាចផ្ដើមទៅបាន ស្របពេលម្ដាយ និងបងប្អូនខាងសពតារាសម្ដែង បានមកដល់ ហើយលោកក៏បាននិមន្តព្រះសង្ឃមកធ្វើពិធីសូត្រមន្តតាមប្រពៃណី។ នៅល្ងាចនេះ តាម ជីវ៉ា ថាកម្មវិធីទាំងមូលនឹងរៀបចំទទួលភ្ញៀវ ក្នុងនោះ លោករំពឹងថា សិល្បករដូចគ្នានឹងមកចូលរួមច្រើន។
ក្រៅពីផ្ដួចផ្ដើមរៀបចំពិធីបុណ្យជូនមិត្តរួមអាជីព អ៊ឹម ជីវ៉ា បានប្រមូលបានចូលបុណ្យសប្បុរសជន និងអ្នកតូចអ្នកធំមួយចំនួនមានលោក ហែម តារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ លោកស្រី អភិបាលរង លោក ជំទាវ ហ៊ុន ស៊ីណាត និងកូនៗ ជាដើម មកចូលបុណ្យផង។
"គ្រប់យ៉ាងខ្ញុំចាត់ចែងម្នាក់ឯង...ហ៊ឺ... សង្ឃឹមថាអំពើល្អដែលខ្ញុំខំធ្វើគ្រប់បែបយ៉ាងនេះ សូមតាមជួយថែរក្សាការពារខ្ញុំផ្លូវងងឹតផង...និងសូមអោយខ្ញុំសុខសប្បាយ ព្រមមនុស្សដែលជួយបុណ្យសព មីស្ទើឃ្វីនទាំងអស់អោយបងប្អូនទាំងនោះ មានសុខភាពល្អ រកស៊ីមានបានរហូតផង!" អ៊ឹម ជីវ៉ា ថ្លែង។
លោក វឌ្ឍនា ហៅ មីស្ទ័រឃ្វីន បានលាចាកលោកកាលពីថ្ងៃទី ៣ កក្កដា ២០២០នៅមន្ទីរពេទ្យដោយសាររោគមហារីកកូនកណ្ដុរ។ លោកបានបិទភ្នែកទៅក្នុងសភាពតោកយ៉ាកបំផុត៕
By : I News Cambodia
09/07/2020