ដោយឡែកនៅប្រទេសជប៉ុនឯណោះវិញក៏មានដែរនូវប្រាសាទបុរាណជារចនាបថខ្មែរយ៉ាងល្អឯក ឈរយ៉ាងរឹងមាំនៅលើកំពូលភ្នំធម្មតាហាលវាលហាលខ្យល់ដែលមនុស្សភាគច្រើនមិនសូវបានដឹង និងស្គាល់។ ប្រាសាទនោះគឺជាវត្តក្នុងប្រទេសជប៉ុនដែលសាងសង់ឡើងតាមរចនាបថខ្មែរយកគំរូតាមប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។
ប្រាសាទអង្គរវត្តចម្លងមានទីតាំងស្ថិតនៅក្នុងខេត្តតូចបំផុតមួយរបស់ជប៉ុនឈ្មោះ Kagawa ស្ថិតនៅលើកោះ Shikoku ដែលមានទីក្រុងឈ្មោះ Takamatsu។
អង្គរវត្តខ្មែរសង់ក្នុងសតវត្សទី១២ តែប្រាសាទចម្លងនៅជប៉ុននេះសង់ឡើងក្នុងសតវត្សទី២០ អំឡុងឆ្នាំ១៩៩១ ហើយមានកំពូលតែមួយប៉ុណ្ណោះចំកណ្ដាលអមដោយកំពែងព័ទ្ធជុំវិញពោលគឺមិនចម្លងតាមមហាប្រាសាទអង្គរទាំងស្រុងនោះទេ។ ការចម្លងតែមួយផ្នែកនេះបានធ្វើឲ្យប្រាសាទនោះមានរូបរាងស្រដៀងទៅនឹងប្រាសាទបន្ទាយសំរ៉ែ ឬភ្នំរូងទៅវិញ៕








