ដូចការគ្រោងទុក នៅថ្ងៃទី០៩ ខែកក្កដានេះ កម្ពុជាចាប់ផ្តើមបើកការចរចាកិច្ចព្រមព្រៀងពាណិជុ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូងជាផ្លូវការ។ ការចរចានេះ ធ្វើឡើងក្រោយពីភាគីទាំងពីរបានសិក្សាពីលទ្ធភាពជាមួយគ្នាអស់រយៈពេលជាច្រើនខែ ពោល គឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្លេះ។ បើតាមលោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ការឈានទៅរកការចរចាផ្លូវការនេះ គឺបន្ទាប់ពីប្រទេសទាំងពីរបានមើលឃើញពីភាពចំណេញរៀងៗខ្លួន ដោយសារតែប្រទេសទាំងពីរកម្ពុជា-កូរ៉េខាងត្បូងសុទ្ធតែមានសក្តានុពល និង ភាពខ្លាំងសម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក។
ស្របពេលបើកការចរចាជាមួយកូរ៉េខាងត្បូងនេះ កម្ពុជាក៏បានទទួលជោគជ័យក្នុងការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនផងដែរ។ លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ឱ្យដឹងកាលពីថ្ងៃពុធថា នៅក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងប្រកាសពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាផ្លូវការ។ ចំណែក លោកនាយករដ្ឋមន្រ្តីហ៊ុន សែនវិញគ្រោងនឹងទៅកាន់ទីក្រុងប៉េកាំងនៅមុនថ្ងៃទី១២ ខែសីហាខាងមុខនេះ ដើម្បីធ្វើជាអធិបតីភាពនៃការចុះកិច្ចព្រមបព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង មហាយក្សចិន។ ប្រសិនបើកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា នោះកម្ពុជារំពឹងការរនាំចេញនឹងកើនឡើងបន្ថែមប្រមាណ២០ភាគរយៈក្នុងមួយឆ្នាំ ហើយកំណើនវិនិយោគពីបរទេសក៏ត្រូវរំពឹងនឹងកើនឡើងខ្លាំងផងដែរ។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
សូមបញ្ជាក់ថា ក្រៅពីប្រទេសចិន និង កូរ៉េខាងត្បូងនេះ កម្ពុជាក៏គ្រោងនឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាង អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) មានសមាជិកចំនួន៥ គឺអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង សហព័ន្ធរុស្ស៊ី។ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសមួយជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវា ដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ និយាយជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និង គ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា៕
By : I News Cambodia
09/07/2020